សារៈសំខាន់នៃការអានរបស់កុមារ
តើការអានជួយអ្វីខ្លះដល់កុមារ?
ខ្ញុំជឿជាក់ថាអាណាព្យាបាទម្នាក់ៗតែងតែចង់អោយកូនៗរបស់ខ្លួនជាកុមារដែលចេះស្តាប់បង្គាប់ ឆ្លាត ពូកែ និងជាក្មេងដែលមានទម្លាប់ល្អផងដែរ។តោះមកយល់ដឹងពីការអាននិងសារះសំខាន់នៃការអានរបស់កុមារវិញថាតើការអានជួយអ្វីខ្លះដល់កុមារ??

1. ការអានជួយឲ្យក្មេងរៀនពូកែ
ក្មេងៗដែលមានទម្លាប់អានភាគច្រើនគឺទទួលបានលទ្ធផលនៃការសិក្សាល្អ ព្រោះការអានធ្វើឲ្យ ពួកគេឧស្សាហ៍ និងព្យាយាមក្នុងការរៀនសូត្រ។កុមារអាចពង្រីកចំណេះដឹងផ្នែកវាក្យសព្ទ និងជួយឲ្យពួកគេមាន ការយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍បានល្អ ដែលអាចជួយឲ្យកុមាររៀនបានល្អប្រសើរ។សមត្ថភាពនៃការអានរបស់គេអាចធ្វើឲ្យកុមារចេះប្រើប្រាស់ចំណេះដឹង ដែលពួកគេទទួលបានពីសៀវភៅទៅប្រើប្រាស់បានយ៉ាងល្អ។

2. ការអានជាការកំសាន្តដែលមានសុវត្ថិភាព
ភាគច្រើនក្មេងៗចូលចិត្តលេង ជួនកាលល្បែងដែលពួកគេលេងអាចបង្កជាជម្លោះ ឬបង្កជាគ្រោះថ្នាក់។ ជាពិសេសក្មេងសម័យនេះនៅតែមុខទូរស័ព្ទ លេងតែទូរស័ព្ទមិនសូវខ្វល់ខ្វាយពីសៀវភៅច្រើនឡើយ។ប៉ុន្តែបើសិនជាពួកគេចាប់យកការអានជាការកំសាន្ត ពួកគេនឹងបង្កើតទំនាក់ទំនង ល្អជាមួយគ្នា និងមិនអាចមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ។ចំពោះការអានភាគច្រើន ក្មេងៗទទួលបានចំណេះដឹងពីការអប់រំល្អៗដែលមានក្នុងសៀវភៅ ខុសពីការលេងទូរសព្ទ័ដែលភាគច្រើន ពួកគេទទួលបានភាពអវិជ្ជមាន។

3. ការអានជួយឲ្យក្មេងមានទម្លាប់ល្អ មានប្រភេទសៀវភៅមួយចំនួនដែលជួយបណ្តុះទម្លាប់ល្អដល់កុមារដូចជាការចេះរៀបចំទុកដាក់ សៀវភៅទាក់ទងនឹងបរិស្ថាន និងសៀវភៅអប់រំមួយ ចំនួនទៀតរួមបញ្ចូលទាំងរឿងនិទានអប់រំមួយចំនួនផងដែរ។ តាមរយៈសាច់រឿងទាំងអស់នោះពួកគេ នឹងអនុវត្តនូវទម្លាប់ល្អៗតាមតួអង្គក្នុងរឿង និងជៀសវាងទម្លាប់អាក្រក់ផ្សេងៗ។ជាពិសេសកុមារក៏អាចរៀនបង្កើតទម្លាប់ខ្លួនឯងតាមរយះការអាននិងចេះអភិវឌ្ឍន៍ខ្លួនបានល្អ។

4. ការអានជួយឲ្យក្មេងក្លាយជាក្មេងដែលមានភាពក្លាហ៊ាន
បើសិនជាក្មេងចូលចិត្តអានតាំងពីតូច ការអាននឹងក្លាយជាទម្លាប់មួយសម្រាប់ពួកគេ។ ពួកគេនឹងបន្ត ការអានទៅលើគ្រប់ប្រភេទសៀវភៅរាប់ចាប់ពីសៀវភៅរឿងនិទាន សៀវភៅប្រលោមលោក សៀវភៅ ប្រវត្តិសាស្រ្ត សៀវភៅចិត្តសាស្ត្រ ។ ល។ សៀវភៅទាំងនោះនឹងផ្ដល់ចំណេះដឹងដែលមិនចេះរីងស្ងួត ដល់ពួកគេ។ ចំណេះដឹងទាំងនេះអាចធ្វើឲ្យពួកគេក្លាយជាក្មេងម្នាក់ដែលពូកែ ក្លាហ៊ាន ហ៊ានសាកល្បងនៅអ្វីដែលគេមិនធ្លាប់ធ្វើ ជាពិសេសបានជួយអោយកុមារចេះរឹងមាំ និងចេះទទួលខុសត្រូវចំពោះខ្លួនឯង។
គុណតម្លៃនៃការអានសៀវភៅកុមារ
កូនៗបង្កើនចំណេះ គឺភាពជោគជ័យរបស់ឳពុកម្តាយ